បង្រៀនដោយប្រើគំរូ
ខណៈពេលដែលខ្ញុំកំពុងរង់ចាំគ្រូពេទ្យពិនិត្យភ្នែករបស់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានអានពាក្យ ដែលគេសរសេរក្នុងការិយាល័យគ្រូពេទ្យភ្នែកថា “៨០ភាគរយ នៃការអ្វីដែលកុមារបានរៀនសូត្រ ក្នុងរយៈពេល១២ឆ្នាំដំបូងនៃជីវិតរបស់ពួកគេ គឺរៀនសូត្រតាមរយៈភ្នែករបស់ពួកគេ”។ ពេលនោះខ្ញុំក៏បានចាប់ផ្តើមគិតអំពីក្មេងៗទាំងអស់ ដែលប្រើភ្នែករបស់ខ្លួន មើលទូរទស្សន៍ ខ្សែភាពយន្ត ព្រឹត្តិការណ៍ អ្វីៗដែលនៅជុំវិញ និងសង្កេតមើលអាកប្បកិរិយារបស់អ្នកដទៃ ជាពិសេសនៅក្នុងគ្រួសាររបស់ពួកគេ។
ជាពិសេស បុរសជាឪពុកអាចមានឥទ្ធិពលដ៏មានអំណាច មកលើកូនៗរបស់ខ្លួន។ យ៉ាងណាមិញ សាវ័កប៉ុលបានលើកទឹកចិត្តឪពុកទាំងឡាយ “កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ”(អេភេសូរ ៦:៤)។ សូមយើងពិចារណា អំពីគំរូដ៏មានអំណាច របស់ឪពុកទាំងឡាយ ដែលមានអាកប្បកិរិយ៉ា និងពាក្យសម្តី ដែលនាំឲ្យកូនៗរបស់ខ្លួនកោតសរសើរ។ គាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ តែគាត់កំពុងតែដើរតាមផ្លូវត្រូវហើយ។ ពេលដែលសកម្មភាពរបស់យើងឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់ព្រះ ជាជាងធ្វើឲ្យគេយល់ខុសអំពីព្រះអង្គ នោះព្រះអង្គកំពុងតែធ្វើការក្នុងជីវិតយើង ដោយអំណាចដ៏អស្ចារ្យសម្រាប់ធ្វើការល្អ។
នេះជាការពិបាកសម្រាប់ឪពុកម្តាយទាំងឡាយ ដូចនេះ វាមិនមែនជារឿងចៃដន្យទេ ដែលសាវ័កប៉ុលបានជម្រុញយើង ឲ្យ “មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់”(ខ.១០)។ មានតែតាមរយៈកម្លាំងរបស់ព្រះអង្គទេ ដែលយើងអាចឆ្លុះបញ្ចាំងសេចក្តីស្រឡាញ់ និងការអត់ធ្មត់នៃព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។
យើងបង្រៀនកូនៗរបស់យើង តាមរយៈគំរូនៃការរស់នៅរបស់យើង បានច្រើនជាង តាមរយៈពាក្យសម្តីរបស់យើង។-David Mccasland
ថ្ងៃនៃការប្តេជ្ញាចិត្ត
ថ្មីៗនេះ ខ្ញុំបានសួរបងស្រីច្បងរបស់ខ្ញុំ ឈ្មោះ ម៉ារី អាន(Mary Ann) ក្រែងលោគាត់នៅចាំពេលដែលគ្រួសារយើងបានផ្លាស់មករស់នៅ ក្នុងផ្ទះមួយខ្នង អស់រយៈពេលជាច្រើនឆ្នាំ។ គាត់ក៏បានឆ្លើយថា “កាលនោះ ប្អូនមានអាយុ៩ខែ ហើយបងចាំថា ម៉ាក់ប៉ាយើងបានរៀបឥវ៉ាន់ដល់យប់ជ្រៅ ទាំងស្តាប់វិទ្យុផង។ កាលនោះ គឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤។ ពេលនោះ ពួកគាត់កំពុងស្តាប់វិទ្យុផ្សាយបន្តផ្ទាល់ អំពីការលើកទ័ពសម្រុកចូល ខេត្តន័រមែនឌី ប្រទេសបារាំង”។
ថ្ងៃនេះ ជាថ្ងៃខួបនៃការលើកទ័ពសម្រុកចូលខេត្តន័រមែនឌី ដែលគេហៅថា ថ្ងៃឌីដេយ តាមពាក្យបច្ចេកទេសយោធា ដែលគេប្រើ នៅក្នុងការចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តយោធានៅសម័យនោះ។ ជាច្រើនឆ្នាំក្រោយមក នៅក្នុងភាសាអង់គ្លេស គេក៏បានប្រើពាក្យឌីដេយ នៅក្នុងការនិយាយ អំពីការសម្រេចចិត្ត ឬការប្តេជ្ញាចិត្ត ក្នុងជីវិតផ្ទាល់ខ្លួនរបស់គេ។
តាមប្រវត្តិសាស្រ្តនៃជនជាតិអ៊ីស្រាអែល ពេលដែលលោកយ៉ូស្វេ ដែលជាអ្នកដឹកនាំរបស់សាសន៍អ៊ីស្រាអែល មានវ័យចាស់ទៅហើយ គាត់បានជំរុញពួកគេ ឲ្យមានការប្តេជ្ញាចិត្តជាថ្មី។ បន្ទាប់ពីពួកគេបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកាន់កាប់ទឹកដី ដែលព្រះបានសន្យាប្រទានឲ្យពួកគេជាមរតក លោកយ៉ូស្វេក៏បានជំរុញពួកគេ ឲ្យបម្រើព្រះ ដោយចិត្តស្មោះត្រង់ គឺព្រះដែលមានព្រះទ័យស្មោះត្រង់យ៉ាងខ្លាំងចំពោះពួកគេ(យ៉ូស្វេ ២៤)។ គាត់បានប្រាប់ពួកគេ ឲ្យរើសយកព្រះណា ដែលពួកគេចង់គោរពប្រតិបត្តិតាមនៅថ្ងៃនោះចុះ តែឯគាត់ និងពួកគ្រួរបស់គាត់ នឹងគោរពប្រតិបត្តិ ដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ(ខ.១៥)។
ថ្ងៃដែលយើងសម្រេចចិត្ត…
ការត្រាសហៅឲ្យកម្សាន្តចិត្ត
សៀវភៅ ដែលមានចំណងជើងថា លោកស្រី ខេនីឌី ជាទីគោរពរាប់អាន ជាស្នាដៃនិពន្ធរបស់លោកចេយ មូលវាននេយ(Jay Mulvaney) និងលោកប៉ូល ដឺ អេនចេនីស(Paul De Angelis) ដែលនៅក្នុងនោះ អ្នកទាំងពីរបានកត់សំគាល់ឃើញថា ក្នុងអំឡុងពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតី ចន ខេនេឌី(John Kennedy) ត្រូវគេធ្វើឃាត ភរិយារបស់គាត់ គឺអ្នកស្រីជែកលីន ខេនេឌី(Jacqueline Kennedy) បានទទួលសំបុត្រជិតមួយលានច្បាប់ ពីមនុស្សទូទាំងពិភពលោក។ សំបុត្រខ្លះជាសំបុត្ររបស់ប្រមុខរដ្ឋនៃប្រទេសផ្សេង និងមនុស្សល្បីៗ ព្រមទាំងមិត្តជិតស្និទ្ធរបស់គាត់។ សំបុត្រខ្លះទៀត ត្រូវបានប្រជាជនសាមញ្ញផ្ញើមក ដោយសរសេរលើខ្នងសំបុត្រថា ជូនចំពោះ“លោកស្រីខេនេឌី នៅវ៉ាស៊ីនតុន” និង “លោកស្រីប្រធានាធិបតី នៃសហរដ្ឋអាមេរិក”។ ពួកគេសុទ្ធតែសរសេរសំបុត្រ បង្ហាញពីទុក្ខព្រួយ និងការអាណិត ចំពោះការបាត់បង់របស់លោកស្រី។
ពេលដែលយើងចង់ជួយរំលែកទុក្ខអ្នកដែលកំពុងមានការឈឺចាប់ យើងចាំបាច់ត្រូវនឹកចាំថា “ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា” គឺជា “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(២កូរិនថូស ១:៣)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ជាប្រភពនៃសេចក្តីមេត្តាដ៏ស្រទន់ ព្រះបន្ទូលដ៏សប្បុរស និងជំនួយដ៏មានប្រយោជន៍ ដែលនាំមកនូវការលើកទឹកចិត្ត និងការប្រោសឲ្យជា។ លោកដាប់ប៊លយូ អ៊ី វ៉ាញ(W. E.…
ការស្តាប់អ្នកដទៃនិយាយ
អ្នកស្រីជយស៍ ហូហ្គេត(Joyce Huggett) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា ការស្តាប់អ្នកដទៃ។ ក្នុងសៀវភៅនេះ គាត់បានលើកឡើងអំពីសារៈសំខាន់នៃការរៀនស្តាប់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព ទៅកាន់អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក។ គាត់បានចែកចាយអំពីបទពិសោធន៍ដែលគាត់មាន នៅក្នុងការស្តាប់អ្នកដែលកំពុងតែមានទុក្ខលំបាក ហើយគាត់បានមានប្រសាសន៍ថា ពួកគេច្រើនតែអរគុណគាត់ សម្រាប់ការគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ពួកគេ។ ប៉ុន្តែ គាត់បានសរសេរក្នុងសៀវភៅនោះថា តាមពិត “មានពេលជាច្រើនដង ដែលខ្ញុំមិនបានធ្វើអ្វីទេ។ ខ្ញុំគ្រាន់តែស្តាប់ពួកគេនិយាយប៉ុណ្ណោះ។ ដូចនេះ គាត់ក៏បានសន្និដ្ឋានថា “ការស្តាប់អ្នកដទៃនិយាយ” ក៏អាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព សម្រាប់ជួយអ្នកដែលមានទុក្ខ។
ពេលលោកយ៉ូបមានទុក្ខជាទម្ងន់ មិត្តសំឡាញ់របស់គាត់ក៏បានជួយគាត់ តាមរបៀបនេះផងដែរ។ ជាការពិតណាស់ ពួកគេបានអង្គុយនៅដី ជាមួយនឹងគាត់អស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅគាត់១ម៉ាត់សោះ ដោយឃើញថា “គាត់មានសេចក្តីទុក្ខជាទម្ងន់ណាស់”(២:១៣)។ តែពេលដែលលោកយ៉ូបចាប់ផ្តើមនិយាយ ពួកគេមិនបានស្តាប់គាត់ទេ គឺគិតតែពីខំនិយាយហើយ និយាយទៀត តែនៅតែមិនបានកម្សាន្តចិត្តគាត់ទេ(១៦:២)។ បានជាគាត់ស្រែកឡើងថា “ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅ!”(៣១:៣៥)
ដូចនេះ យើងត្រូវស្តាប់អ្នកដែលមានទុក្ខនិយាយ ដោយគិតក្នុងចិត្តថា “អ្វីដែលសំខាន់ចំពោះអ្នក ក៏សំខាន់ចំពោះខ្ញុំដែរ”។ ជួនកាល អ្នកដែលមានទុក្ខ ចង់បានការប្រឹក្សាយោបលពីអ្នកដទៃ។ ប៉ុន្តែ ជាញឹកញាប់ ពួកគេគ្រាន់តែចង់ឲ្យគេស្តាប់ខ្លួននិយាយ ដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។
ការស្តាប់អ្នកដទៃ មិនមែនជាការងាយស្រួលទេ ហើយក៏ត្រូវចំណាយពេលច្រើនផង។ យើងត្រូវចំណាយពេលច្រើន គឺច្រើនល្មមនឹងអាចស្តាប់អ្នកដទៃរៀបរាប់…
កិច្ចការដែលត្រូវធ្វើមុនពេលស្លាប់
ថ្មីៗនេះ មិត្តភ័ក្តរបស់ខ្ញុំម្នាក់បានសម្រេចកិច្ចការមួយ ក្នុងចំណោមកិច្ចការជាច្រើន ដែលគាត់ចង់ធ្វើមុនពេលគាត់ស្លាប់។ គឺគាត់បាននាំប្អូនស្រីរបស់គាត់ទៅដើរលេងនៅទ្វីបអឺរ៉ុប។ គាត់បានធ្វើដំណើរទៅទីនោះ ជាច្រើនដងហើយ តែប្អូនស្រីគាត់មិនដែលបានទៅទេ។ ខ្ញុំស្ញើចសរសើរគាត់ ចំពោះការដែលគាត់មិនមានចិត្តអាត្មានិយម ដោយបានរាប់បញ្ចូលការនេះ ជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើន ដែលគាត់ចង់សម្រចមុនពេលគាត់លាចាកលោក។ រឿងនេះ បាននាំឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំមានក្តីស្រមៃ និងគោលដៅណាខ្លះ ដែលបានផ្តោតទៅលើប្រយោជន៍របស់អ្នកដទៃ ជាជាងគិតតែប្រយោជន៍ខ្លួនឯង។
បទគម្ពីរ រ៉ូម ១២:៦-២១ បានចែងអំពីអំណោយទានដែលព្រះប្រទានមកយើង ដែលជាអវយវៈនៃរូបកាយព្រះគ្រីស្ទ និងអំពីរបៀបដែលយើងគួរប្រើអំណោយទាំងនោះ ក្នុងការរស់នៅប្រចាំថ្ងៃ។ អំណោយទានទាំងអស់នោះ សុទ្ធតែផ្តោតទៅខាងក្រៅ។ ឧទាហរណ៍ ការបង្រៀនមិនមែនសម្រាប់បំពេញចិត្តគ្រូបង្រៀនទេ តែសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។ ហើយអំណោយទានដទៃទៀត ដែលមានចែងក្នុងខ.៦ ដល់ ខ.៨ ក៏សម្រាប់ប្រយោជន៍អ្នកដទៃផងដែរ។ សាវ័កប៉ុលបាននិយាយសង្ខេប អំពីការគិតពីប្រយោជន៍អ្នកដទៃ ដោយជំរុញយើង ឲ្យស្រឡាញ់គ្នាជាបងជាប្អូន ទាំងមានចិត្តប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក ហើយឲ្យគោរពអ្នកដទៃឲ្យលើសខ្លួនឯង(ខ.១០)។
សាវ័កប៉ុលបានអនុវត្តតាមការបង្រៀននេះ ធ្វើជាគំរូ ដោយរាប់បញ្ចូលអ្នកដទៃក្នុងការងាររបស់គាត់ ហើយបានប្រើជីវិតគាត់ជាទន់ សម្រាប់គ្រីស្ទបរិស័ទជំនាន់ក្រោយ។ គាត់បានប្រព្រឹត្ត ដោយចិត្តសប្បុរស ដោយភាពចៅរ៉ាវ ការអត់ទោស និងការអាណិត ដល់អ្នកដទៃ។
ដូចនេះ គោលដៅ ក្នុងការរស់នៅរបស់យើង គួរតែរាប់បញ្ចូលការប្រើអំណោយទានដែលព្រះប្រទាន សម្រាប់ជាប្រយោជន៍អ្នកដទៃ។-David McCasland
ពាក្យដែលត្រូវអនុវត្តតាម
អស់កាលជាយូរមកហើយ ដែលខ្ញុំបានរក្សាទុកនូវឯកសារ ក្នុងសឺមីមួយដែលមានបិទផ្លាកពីលើថា “ការនិយាយ” ។ សឺមីនោះមានពេញទៅដោយឯកសារដែលជាអត្ថបទ ពាក្យដកស្រង់ និងសេចក្តីពន្យល់ ដែលអាចមានប្រយោជន៍នៅពេលក្រោយ។ ថ្មីៗនេះ ខ្ញុំក៏បានបើកវាមើល ដើម្បីប្រមូលឯកសារណាដែលហួសសម័យ យកទៅចោល។ ពេលនោះ មានឯកសារជាច្រើន ដែលខ្ញុំពិបាកបោះចោល មិនមែនដោយសារខ្ញុំមិនបានយកពាក្យសម្តីក្នុងឯកសារទាំងនោះ ទៅប្រើក្នុងការនិយាយនោះទេ តែគឺដោយសារខ្ញុំមិនបានអនុវត្តតាមពាក្យសម្តីទាំងនោះ។ ខ្ញុំក៏បានបិទសឺមីនោះ ដោយគិតថា “ពាក្យពេចន៍ក្នុងក្រដាស់ទាំងនេះ មិនមែនសម្រាប់យកមកនិយាយទេ តែគឺសម្រាប់យកមកអនុវត្តតាម ក្នុងការរស់នៅ”។
បន្ទាប់ពីបានរស់នៅអស់រយៈពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន លោកម៉ូសេបានមានប្រសាសន៍ ទៅកាន់ពួកបណ្តាជន ដែលកំពុងត្រៀមខ្លួនចូលទឹកដីសន្យាថា “ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលអញបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯង ទ្រង់ប្រទានមក”(ចោទិយកថា ៤:១)។ លោកម៉ូសេបានមានប្រសាសន៍ម្តងហើយម្តងទៀត ឲ្យពួកគេកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់(ខ.១,២,៥,៦,៩)។ គឺដូចដែលគាត់បានមានប្រសាសន៍យ៉ាងច្បាស់ថា គាត់បានបង្រៀនច្បាប់ហើយនឹងបញ្ញត្តិដល់ពួកគេរាល់គ្នា តាមដែលព្រះយេហូវ៉ា បានបង្គាប់មក ដើម្បីឲ្យពួកគេបានប្រព្រឹត្តតាម(ខ.៥)។
យើងងាយនឹងនិយាយច្រើនជាងធ្វើ ឬនិយាយអំពីសេចក្តីពិត ដោយមិនបានរស់នៅឲ្យស្របតាមសេចក្តីពិតនោះ។ យើងអាចនិយាយអួតបំប៉ោងខ្លួនឯង តែគ្មានការអនុវត្តជាក់ស្តែង។ យើងមិនត្រូវភ្លេចទេថា ព្រះរាជបញ្ជាដែលព្រះបានដាក់មក គឺសុទ្ធតែចេញពីព្រះទ័យដែលពេញដោយក្តីស្រឡាញ់ចំពោះយើង។-David McCasland
ព្រះអង្គបានកែប្រែជីវិតទូលបង្គំ
លោកស្ទីវ ចបស៍(Steve Jobs) ដែលជាអ្នកត្រួសត្រាយផ្នែកវិទ្យាសាស្រ្តកំព្យូទ័រ បានលាចាកលោកក្នុងឆ្នាំ២០១១។ ពេលនោះ មានមនុស្សជាងមួយលាននាក់ នៅទូទាំងពិភពលោកបានបង្ហោះសារនៅលើប្រព័ន្ធអ៊ីនធឺណែត ដើម្បីបង្ហាញនូវការដឹងគុណចំពោះគាត់។ សារដែលគេនិយមបង្ហោះជាងគេនោះ មានខ្លឹមសារដែលរៀបរាប់អំពីការដែលលោកចបស៍ បានកែប្រែជីវិតរបស់ពួកគេ។ ពួកគេនិយាយថា ការរស់នៅរបស់ពួកគេមានការផ្លាស់ប្តូរ ដោយសារគំនិតកែឆ្នៃដ៏ប៉ិនប្រសប់របស់គាត់ ហើយពួកគេចង់បង្ហាញនូវការសរសើរ និងទុក្ខសោក ចំពោះគាត់។ ក្នុងនោះ មានអ្នកខ្លះបានបង្ហោះរូបភាព ដែលមានអក្សរឡាតាំងធំៗ នៅលើកញ្ចក់ឧបករណ៍ធែបលែតមួយគ្រឿងដែលសរសេរថា អាយស៊ែត(iSad) ដែលមានន័យថា ខ្ញុំមានទុក្ខ។
ការដឹងគុណបាននាំឲ្យមនុស្សបង្ហាញចេញ នូវអារម្មណ៍របស់ខ្លួន គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១០៧ បានរៀបរាប់ថា “គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ”(ខ.២)។ ខ្លឹមសារនៃទំនុកដំកើងនេះ និយាយអំពីអ្នកដែលកំពុងមានបញ្ហាធ្ងន់ធ្ងរ ដែលព្រះអម្ចាស់បានរំដោះ ឲ្យមានសេរីភាព។ អ្នកខ្លះគ្មានផ្ទះសម្បែង ហើយខ្លះមានការខ្វះខាត(ខ.៤-៥) ហើយខ្លះបានបះបោរទាស់នឹងព្រះបន្ទូលព្រះ(ខ.១០-១១) អ្នកខ្លះទៀតកំពុងទាល់ច្រក បានជាគេស្រែកដង្ហើយឲ្យព្រះអង្គជួយ(ខ.២៦-២៧)។ ព្រះអង្គក៏បានសង្រ្គោះពួកគេទាំងអស់គ្នា។ “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។
សូមពិចារណាអំពីភាពអស្ចារ្យនៃក្តីស្រឡាញ់របស់ព្រះ និងអំពីព្រះគុណរបស់ព្រះអង្គ ក្នុងការចាត់ព្រះយេស៊ូវគ្រីស្ទ ឲ្យមកសុគតជួសយើង ហើយបានមានព្រះជន្មឡើងវិញ ហើយសូមយើងគិតអំពីការដែលព្រះអង្គបានរំដោះយើង ព្រោះការគិតអំពីការទាំងអស់នេះ នាំឲ្យយើងដឹងគុណព្រះអង្គ ហើយយើងនឹងមិនអាចឈប់សរសើរដំកើងព្រះអង្គឡើយ ហើយយើងចង់តែនិយាយប្រាប់អ្នកដទៃ អំពីការដែលព្រះអង្គបានកែប្រែជីវិតយើង!-David McCasland
ព្រះគ្រីស្ទ នៅក្នុងព្យុះ
ពេលលោករេមប្រិន(Rembrandt) មានអាយុ២៧ឆ្នាំ គាត់បានគូរគំនូទេសភាពសមុទ្រមួយផ្ទាំង ដោយដាក់ចំណងជើងថា ព្រះយេស៊ូវ នៅក្នុងព្យុះនៅសមុទ្រកាលីឡេ ដែលផ្អែកទៅលើរឿង ដែលមានចែងក្នុងបទគម្ពីរម៉ាកុស ជំពូក៤។ លោករេមប្រិនបានដាក់ពន្លឺ និងស្រមោលក្នុងផ្ទាំងគំនូរនេះយ៉ាងច្បាស់ ដើម្បីបង្ហាញថា មានទូកតូចមួយ កំពុងទទួលរងការគំរាមកំហែង ពីវិនាសកម្មនៃខ្យល់ព្យុះដ៏កំណាច។ ខណៈពេលដែលពួកសិស្សកំពុងតែទប់ខ្លួន ពេលដែលមានខ្យល់ និងរលកបក់បោកមកខ្លាំង ព្រះយេស៊ូវនៅផ្ទុំលក់ ដោយគ្មានការភ្ញាក់ផ្អើលអ្វីទាំងអស់។ ប៉ុន្តែ អ្វីដែលចំឡែកបំផុតនោះ គឺក្នុងផ្ទាំងគំនូនោះ គេឃើញ មានសាវ័ក១៣នាក់ បានជាអ្នកឯកទេសផ្ទែកសិល្បៈបាននិយាយថា រូបអ្នកទី១៣នោះ គឺជាលោករេមប្រិននោះឯង។
ដំណឹងល្អតាមលោកម៉ាកុស បានពិពណ៌នា អំពីការដែលព្រះយេស៊ូវបានបង្រៀនពួកសាវ័កយ៉ាងច្បាស់ថា ព្រះអង្គជានរណា ហើយព្រះអង្គអាចធ្វើអ្វីបាន។ ពេលដែលពួកគេកំពុងព្យាយាមទប់ទូកមិនឲ្យលិច ទាំងជ្រួលច្របល់ ព្រះយេស៊ូវកំពុងផ្ទុំលក់យ៉ាងសុខសាន្ត។ តើព្រះអង្គមិនខ្វល់ទេឬថា ពួកគេជិតស្លាប់ហើយ?(ខ.៣៨) ពេលដែលព្រះយេស៊ូវបានធ្វើឲ្យខ្យល់ព្យុះស្ងប់ហើយ(ខ.៣៩) ព្រះអង្គបានសួរពួកគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្តីជំនឿ?”(ខ.៤០) បន្ទាប់មក ពួកគេមានសេចក្តីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា “ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ”(ខ.៤១)។
យើងក៏អាចចូលទៅក្នុងរឿងនេះ ហើយរកឃើញថា ព្រះយេស៊ូវគ្រីស្ទកំពុងបើកបង្ហាញមនុស្សម្នាក់ៗ ដែលទុកចិត្តព្រះអង្គ ឲ្យឃើញព្រះវត្តមាន សេចក្តីអាណិត និងការគ្រប់គ្រងរបស់ព្រះអង្គ ក្នុងខ្យល់ព្យុះទាំងអស់នៃជីវិតរបស់យើង គឺដូចដែលព្រះអង្គបានបង្ហាញពួកសាវ័ក។-David McCasland
ការប្រព្រឹត្តដោយចិត្តសប្បុរស
មានពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយក្រុមបុរស ដែលជាមិត្តភ័ក្តរបស់យើង។ ពេលនោះ យើងបានឃើញមនុស្សមួយគ្រួសារកំពុងជាប់គាំងដំណើរ នៅតាមផ្លូវ។ មិត្តភ័ក្ររបស់ខ្ញុំក៏ប្រញាប់អែបឡាន ដើម្បីសួរនាំពួកគេ។ ពួកគេបានជួយធ្វើឲ្យឡានរបស់គ្រួសារមួយនេះឆេះឡើងវិញ ហើយក៏បានជជែកគ្នាជាមួយបុរស និងស្ត្រីដែលជាឪពុកម្តាយរបស់គ្រួសារនោះ ហើយក៏បានឲ្យលុយទៅពួកគេខ្លះ សម្រាប់ចាក់សាំង។ ស្រ្តីជាម្តាយក៏បានអរគុណពួកគេហើយ អរគុណទៀត បានជាពួកគេឆ្លើយតបថា “យើងមានចិត្តរីករាយ នៅក្នុងការជួយ ហើយយើងជួយគ្រួសារអ្នក ដោយនូវព្រះនាមព្រះយេស៊ូវ”។ ពេលដែលយើងបើកឡានចេញទៅ ខ្ញុំក៏បានគិតអំពីការដែលមិត្តភ័ក្ររបស់ខ្ញុំទាំងប៉ុន្មាននាក់នេះ ចូលចិត្តជួយអ្នកដែលត្រូវការជំនួយ ជាធម្មតាទៅហើយ ហើយក៏បានថ្វាយការសរសើរដល់ព្រះ ដែលជាប្រភពនៃភាពសប្បុរសរបស់ពួកគេ។
សាវ័កពេត្រុស និងសាវ័កយ៉ូហាន ក៏បានបង្ហាញចេញនូវភាពសប្បុរស ដោយអំណររីករាយ ពេលដែលពួកគេបានប្រោសមនុស្សខ្វិនម្នាក់ ដែលកំពុងសុំទាននៅខាងក្រៅព្រះវិហារយេរូសាឡិម(កិច្ចការ ៣:១-១០)។ ការនេះបានបណ្តាលឲ្យគេចាប់ខ្លួនអ្នកទាំងពីរ ហើយត្រូវពួកអាជ្ញាធរសួរថា “ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា?” នោះពេត្រុសក៏ជម្រាបថា “សិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផងថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ”(កិច្ចការ ៤:៧-១០)។
ភាពសប្បុរស ជាផលផ្លែនៃព្រះវិញ្ញាណ(កាឡាទី ៥:២២) ហើយយើងអាចនិយាយទៅកាន់អ្នកដទៃ អំពីព្រះអម្ចាស់នៃយើង ដោយចិត្តសប្បុរសនេះឯង។-David McCasland
ពិនិត្យប្រេងម៉ាស៊ីន
ពេលខ្ញុំបង្រៀនកូនស្រីខ្ញុំ ឲ្យចេះបើកឡាន ខ្ញុំរាប់បញ្ចូលការបង្រៀនបន្តិចបន្តួច អំពីមូលដ្ឋានគ្រឹះនៃការមើលថែរគ្រឿងម៉ាស៊ីនរបស់ឡានផងដែរ។ យើងក៏បានទៅយាន្តដ្ឋានមួយកន្លែងក្នុងតំបន់ ជាកន្លែងដែល គេរៀនពិនិត្យមើលប្រេងម៉ាស៊ីនឡាន នៅពេលគេចាក់សាំង។ ជាច្រើនឆ្នាំក្រោយមក ការនេះនៅតែធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យស្លោក ដែលពោលថា “ប្រេងម៉ាស៊ីនថោកទេ តែម៉ាស៊ីនឡានថ្លៃ”។ បានសេចក្តីថា ការចំណាយទៅលើការផ្លាស់ប្តូរប្រេងម៉ាស៊ីនឲ្យទៀងទាត់ គឺអស់លុយតិចជាងការផ្លាស់ប្តូរម៉ាស៊ីនឡាន។
ការថែទាំព្រលឹងវិញ្ញាណ ក៏សំខាន់ចំពោះការរស់នៅរបស់យើងផងដែរ។ ការចំណាយពេលប្រចាំថ្ងៃ ដើម្បីអានព្រះគម្ពីរ អធិស្ឋាន និងស្តាប់ព្រះបន្ទូលព្រះ ជាគន្លឹះ ដែលជួយមិនឲ្យមានការខូចខាតខាងវិញ្ញាណ។ ក្នុងទំនុកដំកើង ជំពូក៥ ស្តេចដាវីឌបានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង”(ខ.៣)។ ក្នុងខបន្ទាប់ទៀត ទ្រង់បានសរសើរដំកើង អរព្រះគុណ និងទូលសូមអស់ពីចិត្តដល់ព្រះ។
មានមនុស្សជាច្រើនបានយល់អំពីភាពចាំបាច់ នៃការចាប់ផ្តើមការរស់នៅប្រចាំថ្ងៃ ជាមួយព្រះអម្ចាស់។ មុនពេលពួកគេបើកមើលទូរស័ព្ទ មើលពត៌មាន ឬញាំអាហារពេលព្រឹក ពួកគេតែងតែចំណាយពេលស្ងាត់ស្ងៀម មួយរយៈពេលសិន ដោយអានព្រះបន្ទូលព្រះ សរសើរដំកើងព្រះអង្គ សម្រាប់ភាពធំឧត្តម្ភរបស់ព្រះអង្គ និងអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ ហើយស្វែងរកការដឹកនាំពីព្រះអង្គ។ ចំណែកអ្នកផ្សេងទៀត ក៏បានចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ក្នុងម៉ោងផ្សេងទៀត នៅថ្ងៃនីមួយៗ។
យើងចំាបាច់ត្រូវមានការប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គជារៀងរាល់ថ្ងៃ…